សូមរំលឹកបន្តិចផងដែរថា លោក ប៊ុត សីហា ដែលជាម្ចាស់ពានរង្វាន់ កម្មវិធីប្រលងចម្រៀង ល្បីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia កំឡុងខែវិច្ឆិកា ឆ្នាំ ២០១៤ ហើយក្រោយមក ស្រាប់តែលោក បានបាត់មុខមួយរយៈ សឹងតែមិនដែលបង្ហាញមុខ ក្នុងកម្មវិធី ផ្សេងៗ ឡើយ ដោយមិនដឹងមូលហេតុពិតប្រាកដមកពីអ្វីទេ ហើយក៏បានធ្វើឲ្យ អ្នកគាំទ្រ ជាច្រើន តែងតែរងចាំស្តាប់បទចម្រៀង របស់លោក យ៉ាងអន្ទះសា។
មកដល់ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ លោកបានបង្ហោះសារមួយ ថា “សូមជំរាបជូន បងប្អូនទាំងអស់ថា ខ្ញុំមានតែអាខោន ហ្វេសប៊ុកផេកនេះ តែ1គត់ ក្រៅពីហ្នឹង គេលួចយកពីខ្ញុំទៅបាត់អស់ហើយ។ ចាប់ពីនេះតទៅ ខ្ញុំអត់មានជាប់កុងត្រា និងផលិតកម្ម ឬច្រៀងឲ្យ ផលិតកម្មណា តទៅទៀតទេ ខ្ញុំនឹងងើបដើរ ដោយខ្លួនឯង គឺធ្វើបទចម្រៀង ដាក់ផេក និងឆាណែល យូធូប ដោយខ្លួនឯង មិនមានអ្វី ត្រូវរុញរា ទៀតទេ។ បទខ្ញុំបញ្ចេញ លើកដំបូង សង្ឃឹមបងប្អូន ជួយស៊ែរ និងខមិន ត្រេកអរ ដោយរីករាយ ជួបគ្នាឆាប់ៗ ហ្វេនៗ ជាទីស្រលាញ់ ជួយស៊ែរម្នាក់មួយផង ដោយក្តីគោរព”។
ក្រោយៗមក សីហា បានបង្ហោញមុខក្នុងកម្មវិធីផ្សេងៗ និងបានទទួលឱកាសការងារពី លោកស្រី ទ្រី ដាណា ផងដែរ។
មិនទាន់អស់ទេ មកដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ នេះ គេឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចផ្តល់ឱកាសជាលើកទី ២ ឲ្យ ប៊ុត សីហា ហើយ ដោយប្រកាសក្តែងៗថា “ខ្ញុំសូមកោតសរសើរ នូវសន្ដានចិត្តលោកគ្រូ ដែលមានបំណងចង់ ជួយជ្រោមជ្រែង មនុស្សដែល ធ្លាប់មានកំហុស និងកែប្រែ ដើម្បីអនាគតថ្មី។ សម្រាប់ខ្ញុំ មិនមានទោមនស្ស នឹងមនុស្សមានសមត្ថភាព នោះទេ ហើយក៏ទទួលស្គាល់ នៅសំឡេងពីធម្មជាតិដែរ។
កន្លងទៅ ពេលដែលបើក ក្រុមហ៊ុនដំបូង លោ កយឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រង បានទាក់ទងមនុស្សពីរនាក់ គឺ តន់ ចន្ទសីម៉ា និង ប៊ុត សីហា ។ ហើយណាត់គាត់ជួប ប៉ុន្តែប្អូន ប៊ុត សីហា គាត់បែរជាមិនគោរពពេលវេលាមកជួប។ ហើយក្រុមហ៊ុន ក៏សម្រេច មិនចរចាជជែកគ្នាទៀត តែយ៉ាងណា ក៏ដោយ ពេលនេះ បើសិនជាពុកម៉ែ បងប្អូន គាំទ្រ ឲ្យខ្ញុំបាទ ផ្ដល់ឱកាសឲ្យគាត់ ខ្ញុំនឹងផ្ដល់ឱកាសគាត់ តែត្រូវសួរគាត់សិនថា គាត់ចង់ឬអត់?
ទោះបីជាក្រុមហ៊ុនព្រមទទួលក៏ប៉ុន្តែ ដាច់ខាតកុំអោយលើសខ្សែបន្ទាត់ក្រហម ត្រូវតែគោរពវិន័យ និងលក្ខន្តិកៈរបស់ក្រុមហ៊ុន ហើយក៏សូមឱ្យបងប្អូនទាំងអស់គ្នាធ្វើជាសាក្សីផង សំណេរខ្ញុំនេះ ក៏អាចជាភស្តុតាងមួយ កុំឱ្យអ្នកដែលចង់ជួយទៅជាអ្នកដែលមានកំហុស។
ព្រោះអ្នកជោគជ័យនីមួយៗ មិនមែនមានត្រឹមតែ អ្វីដែលជាពីកំណើត ទាំងអស់នោះទេ ត្រូវតែពង្រឹង សមត្ថភាពបន្ថែមគ្រប់ផ្នែក ទើបអាចឈរជើងបាន។ បទចម្រៀងមួយបទល្បី គឺត្រូវការ សំឡេងពីរោះ និពន្ធទំនុកច្រៀងល្អ និពន្ធមេឡូឌីល្អ និពន្ធបទភ្លេងល្អ ផលិតវីដេអូល្អ ។ ជាពិសេសនោះអ្នកចម្រៀងត្រូវតែ តស៊ូព្យាយាមអត់ធ្មត់ គោរពវិន័យ ពង្រឹងសមត្ថភាពជាប្រចាំ ច្រើនណាស់ ទើបអាចក្លាយជាអ្នកជោគជ័យលើវិស័យចម្រៀងបាន។”។
ឃើញបែបនេះ លោក ប៊ុត សីហា រំភើបស្ទើរហោះ រួចប្រាប់ថា “ឲ្យតែបានរស់ បានអ្វីដែលយើងចង់បាន ហើយអាចបន្តទៅមុខទៀតបាន ខ្ញុំនិងប្រឹងប្រែង គ្រប់កាលៈទេសៈ អរគុណ លោកបងឧញ្ញ៉ា ដែលផ្តល់ឱកាសឲ្យខ្ញុំបាទបានបង្កើតអាជីបសារជាថ្មី ប្រសិនជាអាចខ្ញុំនិងប្រឹងប្រែង”។
ទទួលបានដំណឹងដ៏សែនល្អនេះ ហ្វេនៗជាច្រើនរបស់ សីហា សម្តែងក្តីត្រេកអរ ហួសពីនឹកស្មានដល់ ថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា យល់ព្រមផ្តល់ឱកាសឲ្យ ប៊ុត សីហា បែបនេះ និងចូលរួមអបអរសាទរ និងជូនពរឲ្យ សីហា ជោគជ័យ លើវិស័យសិល្បៈ ដែលខ្លួនស្រឡាញ់៕