គួររំលឹក និងបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពី យប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ នៅលើស្ពានជ្រោយចង្វារ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ហើយមួយសន្ទុះក្រោយមក ក៏លេចមុខបុរសម្នាក់ក៏បានមកជួយលើកម៉ូតូ របស់ជនរងគ្រោះ ដោយមិនដឹង ខាងប៉ូលិស កំពុងតែវាស់វែងនោះទេ។
រឿងនេះក៏បានធ្វើឲ្យ លោក សុវណ្ណ រិទ្ធី ដែលជាអ្នកសារព័ត៌មានម្នាក់ មានការខឹងយ៉ាងខ្លាំង ហើយក៏បានធ្វើឲ្យមហាជនមិនតិចនាក់ទេ មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរឿងនេះ មានទំាងការរិះគន់ ផងដែរ។
ក្រោយមើលវីដេអូនេះរួច ធ្វើឲ្យ សម្តេចតេជោ ហ៊ុន សែន មិននៅស្ងៀមទេ ក៏ចេញមុខនិយាយបែបនេះថា “ខ្ញុំគិតថារឿងជ្រោយចង្វារនេះល្មមឈប់ បញ្ឈប់វាទៅ ឈប់បានឈប់ទៅ កុំបន្តទៅទៀត ប៉ុន្តែអ្វីដែលជាការហួសចិត្តនោះ ខ្ញុំអត់យល់ មិនដឹងថាតើ កាញារីទ្ធ គាត់ដោះស្រាយយ៉ាងម៉េច ប្រហែលអ្នកទំាងអស់គ្នាបានឃើញហើយតាមបណ្តាញសង្គម មានអ្នកជិះម៉ូតូដួល ហើយមានអ្នកមកជួយលើក ខុសត្រូវយ៉ាងណាវាជារឿងមួយ ក៏ប៉ុន្តែស្ទះចរាចរណ៍លើស្ពានវាមិនគួរឲ្យកើតមានទេ ការជួយគ្នាគឺជារឿងចាំបាច់ តែអ្វីដែលជារឿងឆ្គងគឺត្រង់ថា អ្នកសុំទោសមិនបានសុំទោសប៉ូលិសឯណា គាត់សុំទោសអ្នកកាសែត តើអ្នកកាសែតហ្នឹង មានសិទ្ធអីគាត់…”។
សម្តេចបន្តថា “រឿងយ៉ាងណាក៏ដោយតែរឿងវាអត់សមហេតុ សមផលទេនូវការប្រើពាក្យសំដីបែបនេះបើខ្លួនជាប៉ូលិសខ្ញុំមិនថាទេ ប៉ុន្តែខ្លួនជាអ្នកគ្រាន់តែមានទូរស័ព្ទមួយ live ទៅ ហើយសំដីតែប៉ុណ្ណឹង អ៊ីចឹងបង្កើតបានមួយរឿង មួយឈុតធំទៅ ប៉ុន្តែអ្នកខ្លះក៏មានមតិជ្រុលហួសដែរ ថាគួរតែលប់ចោលអាជ្ញាប័ណ្ណស្អីៗ អ្នកខ្លះរហូតទៅដល់ថាសុំឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ វាអត់ត្រូវទេ ឈប់បានឈប់ទៅ…”។
មិនទាន់អស់ទេ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ គេឃើញ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក រួចប្រាប់ថា
“លោកស្រី គឹម សុធា ហៅលី ណា ចាងហ្វាង អង្គភាពគេហទំព័រ www.st-tvfb.com លោក សុវណ្ណ សុខា បាននាំលោក សុវណ្ណ រិទ្ឋី និង បុគ្គលិក មួយចំនួន មកសុំឲ្យជួយពាំនាំ នូវ ពាក្យសុំអត់ឱន អភ័យទោស ពីឯកឧត្តមរដ្ឋមន្រ្តី និង ថ្នាក់នាំក្រសួងព័ត៌មាន ក៏ដូចជារៀមច្បង ជាអ្នកសារព័ត៌មាន ចំពោះការប្រព្រឹត្តជ្រុលជ្រួស ពីបន្ទាត់វិជ្ជាជីវៈ នាពេលកន្លងទៅ។”។
ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖