ស្តាប់គាត់និយាយហើយ ពិតជារំភើបណាស់ ! ទីបំផុត ធុច សាឡិ បានក្លាយទៅជា យុវជនសុឆន្ទៈកម្ពុជា ក្នុងការរួមចំណែក ចែករំលែកវប្បធម៌កម្ពុជា-ចិន (មានវីដេអូ)

ប្រជាពលរដ្ឋខ្មែរភាគច្រើន ពិតជានៅចាំច្បាស់ជាក់ជាមិនខាន ចំពោះ  ក្មេងប្រុសម្នាក់ឈ្មោះ ធុច សាឡិ ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង សឹងតែមិនគួរឲ្យជឿ រហូតដល់សព្វថ្ងៃនេះ នេះគឺដោយសារតែ ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ ឈ្មោះ Venus Gwc បានបង្ហោះវីដេអូ នៃការលក់វត្ថុអនុស្សាវរីយរបស់ សាឡិ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

វាសនាមនុស្សពិតជាមើលមិនឃើញមែន ស្រាប់តែក្រោយមក សាឡិ មានសំណាងខ្លំាងណាស់ ដោយទទួលបានការពេញចិត្តពីសប្បុរសជននានា និងជួយឧបត្ថម្ភ ជាហូរហែ។

រឹតតែពិសេសបំផុតនោះ ក្មេងប្រុសដែលចេះ១៥ភាសានេះ មានឱកាស បានទៅរៀននៅ​សាលា​ឯកជន​មួយ​កន្លែង​ក្នុង​ខេត្ត Zhejiang ភាគ​ខាង​កើត​នៃ​​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមបំណងប្រាថ្នារបស់ខ្លួន ដោយទទួលបានការឧបត្ថម្ភពីសាលាអន្តរជាតិ និង ការជួយជ្រោមជ្រែង បីបាច់ ថែរក្សា ពីលោក ឃិត ឈឿន និងក្រុមគ្រួសារ។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ៣១ ខែកក្កដា​ ឆ្នាំ ២០២០ មហាជនផ្ទុះការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ ក្មេងប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់នេះ ក្លាយទៅជា យុវជនសុឆន្ទៈកម្ពុជា ក្នុងការរួមចំណែក ចែករំលែកវប្បធម៌កម្ពុជា-ចិន ។

ក្នុងនោះហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “FUN Entertainment ” បានបញ្ជាក់បន្ថែមថា ៖ “ធុច សាឡិត្រឡប់មកវិញហើយ!

ក្មេងប្រុសដែលនាំកម្ពុជាល្បីពេញបណ្តាញសង្គមរហូតដល់អន្តរជាតិ កាលពីព្រឹកមិញនេះ បានបង្ហាញវត្តមានក្នុងកម្មវិធីសន្និសីទសារព័ត៌មាន “ការបង្ហាញជាផ្លូវការ យុវសិស្ស ធុច សាឡិ ដែលបានក្លាយទៅជា យុវជនសុឆន្ទៈកម្ពុជា ក្នុងការរួមចំណែក ចែករំលែកវប្បធម៌កម្ពុជា-ចិន ដោយក្រុមហ៊ុន FUN”។ នេះជាសកម្មភាពខ្លះៗ នៅក្នុងសន្និសីទកាសែតកាលពីព្រឹកមិញ។”។

ក្រោយឃើញបែបនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញក្តីរំភើបជំនួស ព្រមទំាងចូលរួមអបអរសាទរ ផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ខាងក្រោមនេះ ៖

ប្រភពវីដេអូ ៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Related posts

Leave a Comment