នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “បញ្ជាការដ្ឋានទ័ពពិសេស” បានប្រាប់ដំណឹងដ៏សែនសោកសៅ និងក្រៀមក្រំបំផុត មួយថា៖
“សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដែលចាប់ពីពេលនេះតទៅយើងបានបាត់បង់ នាយទាហាន ដ៏ល្អមួយរូបជារាងរហូតហើយ: សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី 14/01/2021 លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹក លោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន 13 នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺនកម្មុង់ដូរ ជំនាន់ទី10 វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី29 និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី30 នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ដោយលោក វរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់។
បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង12:30 នាទីទើបអង្គភាពទទួលបានដំណឹងថាលោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។
ពេលនេះក្រុមគ្រួសារ បានស្នើសុំយកសពលោក ទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ហើយ អង្គភាព និងនាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេស ចូលរួមកម្មវិធីបុណ្យសព តាមប្រពៃណី សូមបងប្អូនមិត្តភ័ក្ររួមជំនាន់ និង អតីត:សិស្សឆត្រយោង សិស្សកម្មុង់ដូរទាំងអស់ចូលរួមបុណ្យសពតាមការគួរ សូមបងប្អូនជ្រាបជាដំណឹង។ សូមអរគុណ”។
ដឹងដំណឹងនេះភ្លាម អត់ចាំយូរឡើយ ដោយនៅមុននេះបន្តិច នាយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នេះដែរ គេប្រទះឃើញ ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់លោក ថា៖
“ក្នុងនាមខ្ញុំបាទ ជាប្រជាពលរដ្ឋមួយរូប រស់ក្រោម (ដំបូលសន្តិភាព) គុណបំណាច់របស់កងកម្លាំង ដែលតែងតែ ការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំ បាទសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាពរបស់ លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។
ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ 25000ដុល្លារ (ពីមុឺនប្រាំពាន់ដុល្លា) ដែលជូនទៅ គ្រួសារ នៃសព (15000 ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន( 1 ម៉ឺនដុល្លារ) ។ សូមក្រុមគ្រួសារនៃសពទាក់ទងមក បងហេងឡុង ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរសព្ទ ដើម្បីក្រុមការងារទាក់ទងទៅវិញ”៕