សូមរំលឹកឡើងវិញបន្តិចផងដែរថា នៅព្រឹកម៉ិញនេះ នាថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ គេប្រទះឃើញ ពិធីមង្គការ ដ៏អធិកអធមមួយ បានកើតឡើង គឺ ចៅស្រី ឯកឧត្តម ជា សុផារ៉ា បានចូលរោងការតាមប្រពៃណីខ្មែរ ជាមួយ នប្រុសអ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុន ជីបម៉ុង ដោយកូនស្រីនាម ផន សុផានីសា និងកូនប្រុស នាម អ៊ឹង ឫទ្ធី។
ហ្វេសប៊ុកឈ្មោះ Best Solution បានបញ្ជាក់ប្រាប់ថា “កម្មវិធីសិរីមង្គលរបស់ ចៅស្រី ឯកឧត្តម ជា សុផារ៉ា ជាមួយនិង កូនប្រុស អ្នកឧកញ៉ា លាង ម៉េង (ជីបម៉ុងគ្រុប) អាពាហ៍ពិពាហ៍ថ្ងៃទី ២-៣ ខែកក្កដា ឆ្នាំ ២០២២”។ ឧកញ៉ា កែវ មុំ បន្ថែមថា “ចូលរួមកម្មវិធី សិរីមង្គល អាពាហ៍ពិពាហ៍ ចៅស្រី ឯកឧត្តម ជា សុផារ៉ា និង កូនប្រុសអ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុន ជីបម៉ុង”។
ស្ថិតក្នុងបរិយាកាសដ៏សែនរំភើប និងរីករាយនេះ ក៏មានវត្តមានថ្នាក់ដឹកនាំធំៗ ក្នុងប្រទេសកម្ពុជា ក៏មានវត្តមានចូលរួមក្នុងពិធីនេះផងដែរ មានដូចជា ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ, ឧកញ៉ា កែវ មុំ, លោក ជំទាវ ហ៊ុន ស៊ីណាត, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ, ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ, ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ, ឯកឧត្ដម សេង ទៀង និង លោកជំទាវ, ឯកឧត្ត ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទំាងនៅមានថ្នាក់ដឹកនាំ ធំៗជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។
ស្រាប់តែ ព្រឹកម៉ិញនេះ នាថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២២ ឧកញ៉ា ម៉ុង ឫទ្ធី បានទំលាយប្រាប់រឿងភ្ញាក់ផ្អើលមួយ ដោយលោក ក៏បានទៅចូលរួមមង្គលការនេះផងដែរ តែចៃដន្យអី ភ្លេចចងដៃ ដោយគេងមិនលក់ បក់មិនល្ហើយ លោកបានសម្រេចចិត្តធ្វើរឿងនេះហើយ។
ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ប្រាប់ថា “វេលាម៉ោង៦ព្រឹក ថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ រូបខ្ញុំ និងភរិយា បាននាំយកបាយកញ្ចប់ ទឹកបរិសុទ្ធ មកចែកជូន ប្រជាពលរដ្ឋ ដែលបាននាំគ្នា យកកូនចៅ មករង់ចាំទទួលសេវា ព្យាបាល នៅមន្ទីរពេទ្យ គន្ធបុប្ផា វត្តភ្នំ ។
កម្មវិធីនេះ កើតចេញមក អំពីទៅចូលរួមក្នុងពិធី អាពាហ៍ពិពាហ៍ ចៅស្រី ឯកឧត្ដម ឧបនាយក រដ្ឋមន្ត្រី ជា សុផារ៉ា និងចៅប្រុស របស់លោកជំទាវ ភាព ហៀក ចេញមកវិញ ភ្លេចមិនបានចងដៃចៅៗ ដូចច្នេះហើយ មានតែយកថវិកានេះ បូកបន្ថែម និងថវិកា ផ្ទាល់ខ្លួនខ្លះទៀត យកមកធ្វើបុណ្យ ដាក់ទាន ដើម្បីឧទ្ទិសកុសល ដល់ដូនតា ម៉ាកុង ដែលបានចែកឋាន ទៅលោកខាងមុខ រួចហើយសូមងាកក្រោយអោយពរជ័យ ដល់ចៅប្រុសចៅស្រី ដែលទើប តែរៀបអាពាហ៍ពិពាហ៍ ថ្មីថ្មោងនេះ
សូមអោយបានកូនប្រុសស្រី អោយបានច្រើន ដើម្បីបន្តពូជពង្ស វង្សត្រកូល ចូលរួមចំណែកបន្តវេន ក៏សាងអភិវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជាយើង អោយកាន់តែរីកចំរើន ក្រោមដំបូលសន្តិភាព ដែមានសម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនជាប្រមុខ ។ ( តើមានប្រីយមិត្តយើងណាខ្លះ ដែលធ្លាប់ទៅហូបការហើយ ភ្លេចចងដៃ ដូចខ្ញុំភ្លេចចងដៃ៣ដងរួចមកហើយ ដេកមិនលក់បក់មិនល្ហើយទេ)”៕