ពុកម៉ែបងប្អូន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កញ្ញា តន់ ចន្ទសីម៉ា នោះ ដែលជាតារាចម្រៀងដែលមានប្រជាប្រិយភាព និងកំពុងល្បីខ្លាំង នៅក្នុងផលិតកម្ម Galaxy Navatra សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។
បទផ្ទុះល្បីចុងក្រោយរបស់ សីម៉ា គឺបទ “Are You Ok?” ដែលបានចេញផ្សាយ កាលពី ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ហើយគិតត្រឹមត្រឹម ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ បទនេះ មានអ្នកចូលទស្សនា លើ YouTube រហូតដល់ទៅ ជាង 61 លានដង បាត់ទៅហើយ។
ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ សីម៉ា បានធ្វើឲ្យ អ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយប្រកាសដំណឹងមួយនេះ ដោយសរសេរប្រាប់ថា
“នាងខ្ញុំ តន់ ចន្ទសីម៉ា សូមឧបត្ថម្ភ ១០០លានរៀល ទៅកាន់សិល្បៈបុរាណ ដូចជាល្ខោនខោល ចាប៉ីដងវែង និងសមាគមអ្នកនិពន្ធខ្មែរ ។ល។ តាមរយៈ ប្រធាននាយកដ្ឋាន ភាពយន្ត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
នាងខ្ញុំពិតជារំភើប គ្មានអ្វីប្រៀបផ្ទឹមបានឡើយ ព្រោះប៉ុន្មានថ្ងៃនេះ សីម៉ាទទួលបានការផ្សព្វផ្សាយ លើក្រុមហ៊ុនធំៗបី ដោយទទួលបានប្រាក់ឈ្នួល ដែលមិនធ្លាប់ស្រមៃពីមុនមក នាងខ្ញុំ មានតែម្រាមដៃដប់ អរគុណពុកម៉ែ បងប្អូន ទាំងអស់គ្នា សម្រាប់ភាពជោគជ័យ ដ៏ធំមួយនេះ ក្នុងជីវិតខ្ញុំ បើគ្មានការគាំទ្រ ពីពុកម៉ែបងប្អូន ទាំងអស់គ្នាទេ សីម៉ា ពិតជាគ្មានថ្ងៃនេះទេ”។
ឃើញបែបនេះ ហ្វេនៗ នាំគ្នាបង្ហាញអារម្មណ៍ថា ៖ ស្អាតហើយចិត្តល្អទៀត, ល្អណាស់ប្អូនសូមសរសើរដោយស្មោះ, នៅតែបន្ត គាំទ្រ Galaxy ដដែល, ជូនពរអូនជោគជ័យ, ការតស៊ូរបស់ idol ពិតជាអស្ចារ្យ, នៅក្មេងរកលុយបានរាប់លាន គេសំណាងម្ល៉េះ, ប្រពៃណាស់សីម៉ា, មិនធម្មតា, ស្រស់ស្អាតហើយចិត្តបុណ្យទៀត idol។
ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់៕